ស្វែងរក | Searching

Ads

Khmer Calendar

Khmer Solar Date

Sunday, December 13, 2009

កំណត់ក្នុងប្រព័ន្ធ ៤,៥សេន ឆ្លងប្រព័ន្ធ ៥,៩៥សេន ក្នុង១នាទី




ប្រកាសអន្ដរក្រសួង ដែលចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ៤ ធ្នូ ដោយ ឯកឧត្ដម គាត ឈន់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម សូរ ឃុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តអចល័តនិងថ្លៃជាប់បណ្ដាញបានកំណត់តម្លៃសេវាទូរស័ព្ទរួមមួយដែលអាចនឹងបញ្ចប់ជម្លោះលើសេវាតម្លៃទូរស័ព្ទចល័ត និងអចល័តរវាងបណ្ដាក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្ដម សូរ ឃុន រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន នៅឯក្រសួងប្រៃសណីយ៍ថាតម្លៃសេវាទូរស័ព្ទចល័តហៅក្នុងបណ្ដាញតែមួយ ចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី (ពុំទាន់គិតអាករលើតម្លៃបន្ថែមនិងអាករពិសេស)ចំណែកថ្លៃសេវាអប្បបរមាក្នុងការហៅឆ្លងកាត់បណ្ដាញចំនួន៥,៩៥សេនក្នុង១នាទី ហើយការគិតថ្លៃសេវាជាវិនាទីត្រូវជំនួសការគិតជានាទី ។ ឯកឧត្ដមរដ្ឋមន្ដ្រីបានមានប្រសាសន៍បន្ដថាប្រកាសអន្ដរក្រសួងនេះមិនមែនជាការដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនទូរស័ព្ទណាមួយឡើយផ្ទុយទៅវិញវាជាដំណោះស្រាយមួយដើម្បីបញ្ចៀសកុំឱ្យមានជម្លោះរវាងក្រុមហ៊ុនទូរស័ព្ទព្រោះតាមរយៈការអនុវត្ដន៍ឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានលេចចេញនូវបញ្ហាធំៗពីរ គឺ
ទី១-ការលំបាកក្នុងការតភ្ជាប់បណ្ដាញពីប្រតិបត្ដិករមួយទៅប្រតិបត្ដិករមួយ និងទី២-បញ្ហាថ្លៃសេវាទូរស័ព្ទ។
ដើម្បីដោះស្រាយបញ្ហានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសារាចរអន្ដរ ក្រសួងមួយស្ដីពី“វិធានការទប់ស្កាត់ភាពពុំស្មោះត្រង់នៃការប្រកួតប្រជែងក្នុងវិស័យទូរគមនាគមន៍ ។ បន្ថែមពីលើនេះទៀតក្រសួងប្រៃសណីយ៍ បានចេញប្រកាសមួយទៀតស្ដីពី“ការតភ្ជាប់បណ្ដាញទូរគមនាគមន៍“ ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានចេញបទបញ្ជាហាមប្រាមកុំឱ្យមានការ បិទខ្ទប់ការភ្ជាប់បណ្ដាញសេវាទូរស័ព្ទគ្នា ទៅវិញទៅមក ។ ឯកឧត្ដម សូរ ឃុន បានបញ្ជាក់ថា ទោះមានការចាត់វិធានការជាបន្ដបន្ទាប់ក៏ដោយ តែមិនអាចដោះស្រាយបញ្ហាបានឡើយ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាខាងលើក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានសិក្សានិងរៀបចំប្រកាសអន្ដរក្រសួងស្ដីពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្ដាញនេះឡើងដោយផ្អែកលើគោលដៅជាមូលដ្ឋានសំខាន់ៗ៤គឺ
១-ប្រកួតប្រជែងដោយស្មើភាពគ្នា
២-ផ្ដល់សេវាល្អនិងគុណភាពខ្ពស់ ។ ៣-តម្លៃថោកសមរម្យនិងបង្កើនចំណូលថវិកាជាតិ ។ ៤-ថ្លៃតភ្ជាប់បណ្ដាញនៅក្នុងប្រការ៥“ថ្លៃតភ្ជាប់បណ្ដាញ”នៃប្រកាសអន្ដរក្រសួងបានចែងថា សម្រាប់បណ្ដាញក្នុងប្រទេសជាមួយក្នុងប្រទេស គឺតភ្ជាប់ពីបណ្ដាញទូរស័ព្ទចល័តទៅបណ្ដាញទូរស័ព្ទអចល័ត ទាំងទៅទាំងមកត្រូវកំណត់ចំនួន២សេនដុល្លារអាមេរិកក្នុង១នាទី ។ ពីបណ្ដាញទូរស័ព្ទអចល័តទៅបណ្ដាញ ទូរស័ព្ទអចល័តតំបន់តែមួយ ឬឆ្លងតំបន់ហើយតំបន់ទាំងពីរនោះផ្សេងពីរាជធានីភ្នំពេញ ត្រូវកំណត់ចំនួន ១សេនដុល្លារអាមេរិកក្នុង១នាទី ។ ពីបណ្ដាញទូរស័ព្ទអចល័តនៅរាជធានីភ្នំពេញទៅបណ្ដាញទូរស័ព្ទអចល័ត នៅតំបន់ផ្សេងៗ គឺចំនួន២សេនដុល្លារអាមេរិកក្នុង១នាទី ហើយពីបណ្ដាញទូរស័ព្ទអចល័តទៅតំបន់ផ្សេងៗ ទៅបណ្ដាញទូរស័ព្ទអចល័តនៅរាជធានីភ្នំពេញត្រូវកំណត់ចំនួន១សេនដុល្លារក្នុង១នាទី ។

អត្ថបទដកស្រង់ចេញពី គេហទំព័រទូរទស្សន៍ជាតិកម្ពុជា

No comments:

Post a Comment